ផឹកស៊ីសុខៗ នាំគ្នានិយាយរឿងព្រំដី ក្មួយប្រសារអប្រិយ កាប់ឪពុកមា ស្លាប់ភ្លាមៗ

0

ភ្នំពេញ ៖ ពិតជាសាហាវមែន ដែលក្មួយប្រសាលើកដៃ យកពូថៅកាប់ឪពុកមា១ពូថៅចំក្រោមឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:ផឹកស៊ីជាមួយគ្នា ហើយបានឈ្លោះប្រកែកគ្នាពីបញ្ហាព្រំដី។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១ នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក្រោយកើតហេតុសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យទាល់តែបាន។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្ទោងបានឲ្យដឹងថា ករណីឃាតកម្មនេះបង្កដោយជនសង្ស័យ ជាក្មួយប្រសាឈ្មោះ មិត ពុធ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ) បានយកពូថៅ កាប់ជនរងគ្រោះជាឪពុកមាសាច់ថ្លៃឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង១កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅនឹងផ្ទះជនរងគ្រោះ។

សាក្សីបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភ័ក្តិពីរនាក់ទៀត បាននាំគ្នាផឹកស្រាស នៅក្រោមផ្ទះជនរងគ្រោះ។ លុះស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួន យកពូថៅមកកាប់ជនរងគ្រោះដល់ក្នុងផ្ទះ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងហេតុ ហើយ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ ។

បានប្រមាណកន្លះម៉ោងក្រោយមក ទើបសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន តាមចាប់ឃាត់ខ្លួន ជនសង្ស័យបាន ដែលសម្ងំលាក់ខ្លួន ក្រោមជង្រុកស្រូវ ឪពុកបង្កើតនៅក្បែរនោះ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ជនសង្ស័យខាងលើ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕