ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មានចែកចាយតាមបណ្តាញទំនាក់ ទំនងសង្គម ដែលបានចុះផ្សាយអត្ថបទលើកឡើងពីប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស។
ក្រសួង បន្ដថា ព្រមទាំងអាចបណ្តាលឲ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឲ្យកំណកឈាមធ្វើឲ្យ មនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឲ្យមនុស្សស្លាប់យ៉ាងឆាប់ រហ័ស និងមានសរសេរដាក់ប្រភពថា ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោកបាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ-១៩។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ថ្មីៗនេះ បានឲ្យដឹងថា ក្រសួងបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏នៅតែពន្យល់ថាជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។
ក្រសួងសុខាភិបាល បញ្ជាក់ថា «សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ១៩ ព្រមទាំងជំរុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឲ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឲ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»៕