ភ្នំពេញ៖ សំណល់ថ្មពិល ត្រូវបានចាត់ទុកជា សំណល់គ្រោះថ្នាក់ ដោយសំណល់នេះ មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។
យោងតាមហ្វេសប៊ុក របស់ក្រសូងបរិស្ថាន បានឱ្យដឹងថា ដូចនេះ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិល មិនបានត្រឹមត្រូវនឹងបង្កអោយមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស មានដូចជា
(១)បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង
(២)បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ
(៣)បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា
(៤)បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី
(៥)បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ
ដើម្បីទប់ស្កាត់ ការសាយភាយ សារធាតុគ្រោះថ្នាក់ ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្ស ពីផលប៉ះពាល់ ក្រសួងបរិស្ថានបានកំពុងអនុវត្ត គម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ ធុងសំណល់ថ្មពិល នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។
ក្រសួងបរិស្ថាន នឹងបន្តដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងយកសំណល់ថ្មពិល មកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ ការបោះសំណល់ថ្មពិល លាយលំ ជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិល យកមកទុកដាក់ អោយបានត្រឹមត្រូវ ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួម និងជួយផ្សព្វផ្សាយ អំពីគម្រោងប្រមូលសំណល់ថ្មពិល នេះ៕


