ទៀតហើយ! ក្រុមហ៊ុនឥណ្ឌាមួយ យករូបប្រាសាទអង្គរវត្ត ដាក់តាំងលើផលិតផល របស់ខ្លួន

0

ភ្នំពេញ៖ ក្រុមហ៊ុនអង្ករបរទេសមួយរបស់ឥណ្ឌា ដែលប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលមានរូបប្រាសាទអង្គរវត្តជានាមសញ្ញា ដោយពុំមានការអនុញ្ញាតពីកម្ពុជា បានបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ក្រោយមានការតវ៉ាតាមផ្លូវការទូតពីកម្ពុជា។

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។

ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។

ផ្អែកលើលទ្ធផល សហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឲ្យស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់ តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្ត លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាក នឹងច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ព្រមទាំងរំលោភ លើអនុសញ្ញាទីក្រុងប៉ារីស ស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។

ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕