អ្នកជំងឺកូវីដ ជាង១ពាន់នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0

ភ្នំពេញ៖លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺ ប្រមាណ២៦៨នាក់ បានជាសះស្បើយ។

ថ្លែងក្នុងសន្និសីទកាសែត ស្ដីពី គោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក ងី មានហេង បញ្ជាក់ថា «ខ្ញុំបាទសូមជម្រាបជូនអំពីករណីចំនួនអ្នកថែទាំជំងឺកូវីដ១៩ នៅតាមផ្ទះបច្ចុប្បន្នបើគិតតួលេខនៅព្រឹកនេះ មានចំនួន ១,០៣៣នាក់ កំពុងតែទទួលការព្យាបាល ថែទាំនៅតាមផ្ទះ តាំងតែពីយើងអនុវត្តការព្យាបាល ថែទាំតាមផ្ទះមក គឺមានអ្នកជំងឺដែលព្យាបាលជាសះស្បើយចំនួន ២៦៨នាក់ បូកពីលើចំនួនដែលកំពុងតែព្យាបាលនេះ»។

លោកបានឱ្យដឹងថា សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ នៅតាមផ្ទះសម្រាប់បណ្តាខណ្ឌខ្លះ គឺមិនមានភាពស្មើគ្នានោះទេ ពោលបើគិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅខណ្ឌសែនសុខ មានចំនួន២២៦នាក់ នៅខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ៩៨នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ មានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌចំការមន មានចំនួន៥៣នាក់, ខណ្ឌទួលគោក មានចំនួន៣៩នាក់ និងខណ្ឌកំបូល ៣៤នាក់, ខណ្ឌជ្រោយចង្វារ ៣០នាក់ ខណៈខណ្ឌព្រែព្នៅ មានអ្នកជំងឺព្យាបាលតិចជាងគេ។

ការរៀបចំព្យាបាល និងថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ គឺដើម្បីទុកន្លែងព្យាបាលនេះឱ្យអ្នកជំងឺធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគាត់ពីជំងឺកាចសាហាវ៕