ភ្នំពេញ៖ គ្រាន់តែមានទំនាស់ពាក្យសម្ដី ជាមួយគ្នាបន្តិចបន្តួចសោះ ប្រពន្ធដាច់ចិត្តទាញកាំបិតចុងស្រួច ចាក់សម្លាប់ប្ដីខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។
ជនរងគ្រោះឈ្មោះ សឿន សៀ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះ តាំង គា ភេទស្រី អាយុ ២៦ឆ្នាំ ជាជនជាតិខ្មែររស់នៅជាមួយគ្នា។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕