ភ្នំពេញ៖ ពេលនេះការពិតត្រូវបានលាតត្រដាង ជុំវិញប្រធានក្រុមតន្ត្រីសម័យម្នាក់ ដែលបាត់ខ្លួនកាលពីជាង ១០ថ្ងៃមុន តាមពិតគឺបានកើតរឿងដែល មិននឹកស្មានដល់មួយនេះសោះ ។
ចង់ជ្រាបច្បាស់ពីអ្វីដែលបានកើតឡើងលើ ប្រធានក្រុមតន្ត្រីសម័យម្នាក់រហូតបាត់ខ្លួនជាង ១០ថ្ងៃ រកមិនទាន់ឃើញរហូតដល់សព្វថ្ងៃនេះ សូមអានពីដំណើររឿងដូចខាងក្រោម៖
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោខូវ លីស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ក៏បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ ឃុន ឌីនឿន អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ជនសង្ស័យខាងលើនេះ បានមកស្នាក់នៅ និងបម្រើការងារនៅហាងសម្រស់កំពង់ឆ្នាំងក្នុង ក្រុងកំពង់ឆ្នាំង ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ ចាន់ គៀន អាយុ ៥៦ឆ្នាំមានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាប្រធានក្រុមតន្ត្រីសម័យបានបើករថយន្តផ្ទាល់ខ្លួន ១គ្រឿង ម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.2626 មកហាងផឹកស៊ីយីហោសម្រស់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ លុះយប់ជ្រៅបន្តិច ឈ្មោះ ចាន់ គៀន ក៏បានទៅដេកផ្ទះសំណាក់ ជាមួយជនសង្ស័យ ឈ្មោះឃុន ឌីនឿន នៅផ្ទះសំណាក់យីហោ វ័ន្តណាយ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពដដែលបន្តថា ដោយសម្រង់ចម្លើយរបស់ជនសង្ស័យខាងលើ ពេលដេកជាមួយគ្នា រហូតដល់ម៉ោងជាង ៤ជិតភ្លឺឈានចូលថ្ងៃទី២៨ ខែកក្កដា ឈ្មោះចាន់ គៀន
បានគាំងបេះដូងស្លាប់តែម្ដង ។ ក្រោយពេលឈ្មោះ ចាន់ គៀន ស្លាប់រូបគេ(ឃុន ឌីនឿន) មានការភ័យខ្លាចក៏បានលើកសពបុរសឈ្មោះចាន់ គៀន ដាក់លើរថយន្ត ហើយក៏បើកឆ្ពោះទៅរាជធានីភ្នំពេញ ពេលទៅដល់ ផ្សារឧត្តុង ក៏បានឈប់និងចុះទិញការ៉ុងចំនួន៥ និងខ្សែ សម្រាប់ចងរួចបើកតាមផ្លូវភ្នំព្រះរាជទ្រព្យ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ។ពេលដល់កន្លែងស្ងាត់ក៏បានយកការ៉ុង ច្រកសពជនរងគ្រោះ ពីក្បាលនិងពីចុងជើងរួចចងការុងផ្អោបគ្នា រួចរាល់ ទើបបន្តដំណើរទៅ ដល់ទីក្រុងភ្នំពេញ ហើយបានបើកឆ្លងឆ្ពោះទៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។ លុះទៅដល់ស្ពានមួយឈ្មោះស្ពានព្រែកសំរោង នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល ឃើញឱកាសស្ងាត់ល្អ ក៏លើកសពទម្លាក់ចូលក្នុងទឹកទន្លេ នោះតែម្ដង រួចក៏បើករថយន្តត្រឡប់មកដេកផ្ទះសំណាក់នៅរាជធានីភ្នំពេញវិញ និងបានធ្វើសកម្មភាពដោះស្លាកលេខរថយន្តចេញ ។ លុះព្រឹកឡើងក៏យករថយន្តទៅលក់ ដោយប្រាប់អ្នកទិញថា ជារថយន្តអត់ពន្ធទើបយកពីប្រទេសវៀតណាម ដោយលក់បានក្នុងតម្លៃ ៥៧០០ដុល្លារ រួចក៍គេចខ្លួនទៅសម្ងំដេកនៅផ្ទះសំណាក់ មួយកន្លែងនៅក្នុងក្រុងភ្នំពេញ រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
ប្រភពបន្តទៀតថា អ្នកទិញរថយន្តពេលទិញរថយន្តបាន ក៏យកទៅគយដើម្បីបង់ពន្ធ ប៉ុន្តែត្រូវបានមន្រ្តីគយប្រាប់ថា ជារថយន្តមានពន្ធ មានម្ចាស់ត្រឹមត្រូវ ទើបអ្នកទិញភ្ញាក់ខ្លួនថាទិញរថយន្តនេះមិនប្រក្រតី ក៍រាយការណ៍ប្រាប់សមត្ថកិច្ចទើបឈាន ដល់ការស្រាវជ្រាវនិងចាប់ខ្លួនបានភ្លាមៗ ទោះបីចម្លើយសារភាពរបស់ជនសង្ស័យ ដែលមានភាពមិនច្បាស់លាស់យ៉ាងណាក្តី តែយោងតាមចម្លើយសារភាពនិង ផ្អែកតាមវត្ថុតាងសមត្ថកិច្ចសម្រេចចោទប្រកាន់ពីបទ ឃាតកម្ម និង លាក់បាំងវត្ថុតាង ដោយបានសម្រេចកសាង សំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលា ការនៅព្រឹកថ្ងៃទី៩ កក្កដា ដើម្បីចាត់ការតាមនិតិវិធី ៕