ភ្នំពេញ៖ជនសង្ស័យដែល ជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួនខណៈដែលជនទាំងនេះ ចេញធ្វើសកម្មភាពឆក់ទ្រព្យ សម្បត្តិ ប្រជាពលរដ្ឋ ដំណើរតាមផ្លូវ ហើយជួបកម្លាំងនគរបាល ខាងលើកំពុងល្បាត ទប់ស្កាត់ពួនស្ទាក់ បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវអស់លក្ខណ៍តែម្ដង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលត្រូវជាប់អន្ទាក់ទាំង៤នាក់ នោះរួមមាន៖
ទី១,ឈ្មោះផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ទី២,ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ ។
ទី៣,ឈ្មោះចំរើន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទី៤,ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សំភារៈដកហូតបានម៉ូតូ ម៉ាកហុងដាស្គូបពី ដែលជាមធ្យោបាយ ជិះធ្វើសកម្មភាពចំនួន២គ្រឿង គឺមានស៊េរីឆ្នាំ២០១៩ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី១ បានដឹកនាំមន្ត្រីនៅក្រោមឱវាទ ចេញល្បាតពួនស្ទាក់ បទល្មើសនៅក្នុងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈនោះក៏បានប្រទះឃើញ ជនសង្ស័យខាងលើ កំពុងចេញធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ពេលនោះគ្រាន់តែបានឃើញ កម្លាំងនគរបាលភ្លាម ជនសង្ស័យទាំងនេះ បានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាល កាកាបទី១តែម្ដង។
ក្រោយពេលឃាត់ខ្លួន សួរនាំជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋបានសម្រេច ជាច្រើនលើករួចមកហើយ។
ដោយឡែកពេលនេះ បម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវកម្លាំងនគរបាលប៉ុស្តិ ឃាត់ខ្លួនបែបនេះ ។បន្ទាប់ពីទទួលបានចម្លើយសារភាព ពីជនសង្ស័យខ្លះៗ ហើយនគរបាល បាននិងកំពុងបន្តការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញ បន្តចាត់ការតាមច្បាប់៕