ស្រលាញ់កាំភ្លើងពេក ក្រឡេកមកមើលប្រពន្ធ ចង់ស្ដារកាណុង ត្រូវជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែស្រឡាញ់អាវុធពេក ក៏ទិញយកមកទុក​ លុះពេលខឹងប្រពន្ធ ទាញ​យកអាវុធនោះ មកគំរាមសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ច នគរបាលស្រុករុក្ខគីរី ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។

ការចុះធ្វើការឃាតរ់ខ្លួននេះ ធ្វើឡើងដោយ អនុវត្តតាមយោ​បល់​ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រ​ហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ​នគរបាលស្រុករុក្ខគីរី បានដឹកនាំ កម្លាំងក្នុងអង្គ​ភាព​ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានមុខរបរជាប្រជាពលរដ្ឋ ក្នុងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងប្រើប្រាស់អាវុធគំរាមសម្លាប់ប្រពន្ធ​របស់ខ្លួន ដោយបានដកហូតអាវុធខ្លីប្រភេទK59​ចំនួន ០១ដើម គ្រាប់ចំនួន ០២គ្រាប់នៅក្នុងបង់​ស្រាប់។

សូមជម្រាបជូនថា មូលហេតុដែលនាំ ទៅដល់ការឃាត់ខ្លួននេះ កាលពីថ្ងៃទី ៥ខែ កក្កដា ឆ្នាំ ២០​២១ វេលាម៉ោង១៩និង០០ នាទីនៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបងមានករណីគំរាមកំហែង ដោយប្រើប្រាស់អាវុធមួយកើតឡើង ដែលករណីនេះបង្ករដោយឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋ បានប្រើពាក្យសម្ដីនិងអាវុធ គំរាមសម្លាប់ ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ ឆោម អេមភេទ​ស្រី​ អាយុ៥៣ឆ្នាំក្នុងពេលដែលរូបគាត់មានទំនា​ស់​ជាមួយប្រពន្ធ ។

ក្នុងពេលធ្វើសកម្មភាពនេះ ប្រពន្ធដែលមានការភ័យខ្លាច បានរត់ចេញពីផ្ទះនិងរាយការណ៍ភ្លាមដល់សមត្ថកិច្ច នគរបាលមូលដ្ឋានហើយពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរី បានចុះទៅអនុវត្តការឃាត់ខ្លួន និងនាំមកធ្វើការស្រាវជ្រាវជាបន្ទាន់ ។

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរ​បា​លស្រុករុក្ខគីរី បានឱ្យដឹងថា ជនសង័្សយឈ្មោះ ហ៊ាន វុទ្ធី បាន ឆ្លើយសារភាពថា អាវុធខ្លីមួយដើម ដែលរូបគាត់យកមកប្រើប្រាស់ គំរាមសម្លាប់ប្រពន្ធ និងត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការដកហូតនេះគឺរូបគាត់ បានទិញពីអ្នកនៅភ្នំពេញ ម្នាក់ដែលគាត់បានស្គាល់ ហើយមូលហេតុដែលគាត់ (ទិញអាវុធខ្លី) យកមកប្រើប្រាស់ ក្នុងខណៈដែលរូបគាត់​ ជាប្រជាពលរដ្ឋ មិនមែនជាសមត្ថកិច្ចផង​នោះ រូបគាត់បានឆ្លើយសារភាពបន្តថា ព្រោះតែការស្រឡាញ់អាវុធនេះពេក ទើបគាត់ទិញយកមក ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះសមត្ថកិច្ច នគរបាលស្រុករុក្ខគីរី បានកសាងសំណុំរឿង បញ្ជូនរូបគាត់និង វត្ថុតាងមកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕