Home សង្គម ថៃអះអាងថា មិនបានលួច ចម្លងរចនាបថ ប្រាសាទអង្គរខ្មែរ

ថៃអះអាងថា មិនបានលួច ចម្លងរចនាបថ ប្រាសាទអង្គរខ្មែរ

0

ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរ និងបញ្ញាវ័ន្ឌខ្មែរ ជុំវិញការលេចឡើងនូវសំណង់ប្រាសាទមួយកន្លែង នៅក្នុងទឺកដីប្រទេសថៃ មានរចនាបថ ដូចទៅនឹងប្រាសាទអង្គរខ្មែរនោះ ពេលនេះ ភាគីថៃបានចេញមុខអះអាងថា ខ្លួនមិនបាន លួចចម្លង ឬសាងសង់ តាមរចនាបថ ប្រាសាទអង្គរខ្មែរ នោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ​បានឱ្យដឹងថា ស្ថានទូតកម្ពុជា​បានចុះធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ​និងប្រមូលបានព័ត៌មានជាបឋមដូចខាងក្រោម៖

១/ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមាន ភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវវត្តពុទ្ធបាទ សិលាភូម៉ាហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

២/ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូរប្លង់ខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

៣/ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏សូមស្វាគមន៍ ក្នុងការទទួលស្នើតឱ្យមន្រ្តីជំនាញផ្នែកស្ថាបត្យកម្ម កម្ពុជាចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានមន្ទិលសង្ស័យ៕

 

Previous articleសូមប្រយ័ត្ន! បុគ្គលិក ធនាគារហត្ថា សាខាច្បារអំពៅ ឆ្លងជំងឺកូវីដ
Next articleក្មេងប្រុស-ស្រី ពីរនាក់បងប្អូន នាំគ្នាទៅដេកលើ​ផ្លូវ​ ត្រូវរថភ្លើង​កិន​ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់