ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ)។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថាជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ដា នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច មានស្ថានទម្ងន់ទោសដោយសារ គាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) នៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣ នឹង៣០នាទី។
សមត្ថកិច្ចចាប់យកវត្ថុតាងៈ ប្រាក់ដុល្លារចំនួន ២២,០០០ដុល្លារអាមេរិក (ពីរម៉ឺនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន ១គ្រឿងម៉ាកLONGINE ខ្សែពណ៌ខ្មៅ, ទូរស័ព្ទដៃម៉ាក អាយហ្វូនអ៊ីចម៉េក ពណ៌ទឹកមាស ចំនួន០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន ១គ្រឿង។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្ថែមថា ជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ភេទស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។
សម្ភារបាត់បង់ៈ ដុំមាសមួយដុំ ទម្ងន់ កន្លះគីឡូ, ប្រាក់រៀលចំនួន ៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារ, ពេជ្រពីរឈុតតម្លៃ៣៨,០០០ដុល្លារ, ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ចំនួន០១គ្រឿង។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២៣នឹង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារគាស់ទំលុះទំលាយ (គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានដើរចេញពីផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លុះដល់ម៉ោងកើតហេតុជនសង្ស័យ ក៏បានឡើងតាមដំបូលខាងក្រោយ មកធ្វើសកម្មភាពយកដៃទាញគាស់បង្អូចផ្ទះ របស់ជនរងគ្រោះដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះបានសម្រេចរួចគេចខ្លួនបាត់ ៕