ចាប់ខ្លួនជនសង្ស័យ ខ្មែរ-ថៃ​ ២នាក់ ពាក់ព័ន្ធករណីចែកចាយ ប្រើប្រាស់ គ្រឿងញៀន នៅតាមព្រំដែន

0

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាជនជាតិថៃ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៩១១ ឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង១នឹង៣០នាទីយប់ ចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចអូរព្រំដែន ស្ថិតភូមិសាស្ត្រ ភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ កម្លាំងវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៩១១ បានឱ្យដឹងថា ជនសង្ស័យ១.ឈ្មោះ ផន សុផាត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ អាធីត សំថង់ ភេទប្រុស អាយុ៣១ឆ្នាំ (ជនជាតិថៃ) ស្នាក់នៅជាមួយគ្នា។

លោកបានបន្តថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៩១១ បានចេញល្បាតតាមបន្ទាត់ព្រំដែន បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពចែកចាយប្រើប្រាស់គ្រឿងញៀន ចំណុចអូរព្រំដែនហើយឃាត់ខ្លួនរឹបអូស មានវត្ថុតាងម៉្សៅក្រាមសថ្លា ចំនួន៧ថង់តូច ថ្នាំគ្រាប់ពណ៌ក្រហមWYចំនួ១២គ្រាប់។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបានរៀបចំឯកសារ ប្រគល់ជូនកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អនុវត្តតាមច្បាប់៕