ចិន ប្ដេជ្ញាបង្កើនកិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ដល់កម្ពុជា

0

ភ្នំពេញ៖ សា្ថនទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញ ពីអត្ថន័យស្នូលនៃសហគមន៍ វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់ របស់ប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដ ជាផលិតផលសាធារណៈ សម្រាប់សកលលោក។

យោងតាមហ្វេសប៊ុកស្ថានទូតចិន បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជាទិញ របស់ភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ វ៉ាក់សាំងកូវីដដែលភាគីចិន បានផ្តល់ជូនភាគីកម្ពុជារហូត មកដល់ពេលនេះមានចំនួនលើសពី ១០ លានដូស។

ទូតចិនបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិនក៏បាន ប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសដែលជាការបញ្ជាទិញ ជូនដល់ភាគីកម្ពុជាផងដែរ។ វ៉ាក់សាំងចិននឹងចូលរួមចំណែក យ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំ ក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស ៕