ចោរគ្មានមេត្តា ប្រហារមេក្របី ៣ក្បាល បន្សល់ទុកកូនពេញក្រោល

0

ភ្នំពេញ ៖ មេក្របីពូជចំនួន៣ក្បាល របស់ប្រជាពលរដ្ឋ ដែលចងនៅក្នុងក្រោល ជាមួយនឹងក្របី សរុបទាំងអស់ជាង២០ក្បាល ផ្សេងទៀត ចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ ត្រូវបានក្រុមជនមិនស្គាល់ អត្តសញ្ញាណ លួចដឹកតាមរថយន្ត ។

ហេតុការណ៍នេះកើតឡើង នៅចន្លោះពីម៉ោង១០យប់ ដល់ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចជាប់ ខ្នងទំនប់អាងទឹកត្រពាំងថ្ម ម្ដុំលូកំពង់ធំ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ម្ចាស់សត្វក្របី ឈ្មោះ ពែក ហាត់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ក្របីបានរៀបរាប់ថា គាត់មានសត្វក្របី សរុបទាំអអស់ចំនួន២០ក្បាល កូនចំនួន០៧ក្បាល បានធ្វើក្រោលជាប់ខ្នង ទំនប់អាងទឹកត្រពាំងថ្ម ដែលមានចំងាយពីផ្ទះរបស់គាត់ ប្រហែល១០០ម៉ែត្រ ។
ជារៀងរាល់យប់គាត់ តែងតែក្រោកដើរ មកពិនិត្យមើលក្របីរបស់គាត់ ។ នៅយប់កើតហេតុវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គាត់បានក្រោកទៅមើលក្របី ក្នុងក្រោលដូចសព្វដង ស្រាប់តែបាត់ក្របី អស់ចំនួន០៣ក្បាល ជាក្របីមេពូជ ។

លោកវរសេនីយ៍ឯកយ៉ត សុផល បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានពត៍មាន កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំពន្លៃ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិង ត្រួតពិនិត្យជុំវិញ ករណីខាងលើ យើងបានឃើញគន្លង រថយន្តធុនតូច បើកមកពីទិសខាងកើតថយចូល តាមផ្លូវជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ខាងកើតកន្លែងកើតហេតុ ចំងាយប្រមាណ១៥០ម៉ែត្រ និងឃើញ មានស្នាមជើងសត្វក្របី ដែលជនល្មើស បានដេញឡើងលើរថយន្ត រួចបើកមកទិសខាងកើត តាមខ្នងទំនប់អាងទឹកត្រពាំងថ្ម ។

ទាក់ទិននឹងករណី ខាងលើកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ កំពុងស្រាវជ្រាវដើម្បី ឈានដល់ការបង្ក្រាបចាប់ខ្លួន ជនប្រព្រឹត្តល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ៕