ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ជេរប្រមាថ និងគម្រាម សម្លាប់ឪពុកខ្លួនឯង

0

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវបានឃាត់ខ្លួន បុរសញៀនថ្នាំម្នាក់ ដែលបានជេរប្រមាថឪពុកម្តាយ និងគម្រាមរកសម្លាប់ឪពុក កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០ព្រឹក នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សុត សុង អាយុ៧៤ឆ្នាំ ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ រស់នៅភូមិស្វាយដូនកែវទី២ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើបានឲ្យដឹងថា ៖ កាលពីថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវជាកូនបង្កើតរបស់ខ្លួនឈ្មោះសុង សើន អាយុ៣៦ឆ្នាំភេទប្រុស បានសួររកម៉ូតូជិះ តែជនរងគ្រោះដែលជាឪពុកបានឆ្លើយថាម៉ូតូមិននៅទេស្រាប់តែជនសង្ស័យដែលជាកូនបានខឹងរករឿងស្រែកជេរសំឡុតថា បើម៉ូតូមិននៅ ចុះឯណាមាស០១ជីយកមកឲ្យអញ ព្រមទាំងស្រែកគម្រាមបើមិនយកមកទេប្រយ័ត្នអញសម្លាប់ចោល។

ជនរងបានបន្តទៀតថា ៖ ដោយសារកូនគាត់កន្លងមកធ្លាប់ជក់គ្រឿងញៀន ហើយធ្លាប់បានយកទៅមណ្ឌលបន្សាប គ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ចំនួន២ដង នឹងជាប់ពន្ធនាគារចំនួន១៨ខែ ហើយបានចេញពីមណ្ឌលបន្សាប គ្រឿងញៀន នៅថ្ងៃទី០២ខែមេសា ឆ្នាំ២០២១មកម្លេះ ប៉ុន្តែនៅ បន្តប្រើប្រាស់គ្រឿងញៀននិងរករឿងឪពុកម្ដាយជាប្រចាំ។

លោកវរសេនីយ៍ឯក នាង វុធអធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា  បន្ទាប់ពីសមត្ថកិច្ចយើងបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ សមត្ថកិច្ចយើងបានចុះឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តមើលសារធាតុញៀន ជាលទ្ធផលមានវិជ្ជមាននូវសាធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលយើងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនីតិវិធី ៕