មិនដល់ ១អាទិត្យផង ស្ត្រីវ័យ ៦២ឆ្នាំម្នាក់ ត្រូវជំងឺកូវីដ១៩ ស៊ីសួតអស់ទាំងសងខាង

0

ភ្នំពេញ៖ នៅថ្ងៃទី២៣ មិថុនានេះ មានករណីស្ត្រីម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយៈពេលមិនដល់ ១អាទិត្យនៃការឆ្លង ។ នេះបើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់តាមបណ្ដញសង្គមហ្វេសប៊ុក ។

លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានស្ថានភាពគួរឲ្យកត់សម្គាល់ មានអ្នកឆ្លង និងអ្នកស្លាប់កាន់តែកើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប។ អ្នកស្លាប់ភាគច្រើនជាជនចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម ..ល.. ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រល័យជីវិតកាន់តែឆាប់រហ័ស។

លោកអភិបាលខេត្តបញ្ជាក់ថា ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្ម ដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកឆ្លងកូវីដសរុប ៦៧៦នាក់ ក្នុងនោះជាសះស្បើយ ១៧៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៩១នាក់ និងអ្នកបាត់បង់ជីវិតចំនួន ៧នាក់ ។

លោក ទៀ សីហា ថ្លែងថា «ជាក់ស្តែងថ្ងៃនេះមានករណីមីងម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយះពេលមិនដល់ ១អាទិត្យនៃការឆ្លង»។

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចូលរួមអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕