សមាជិកសភា​ និងមន្រ្តីបម្រើការងារសម័យប្រជុំរដ្ឋសភា​ តម្រូវឲ្យធ្វើតេស្តកូវីដ១៩ មុនចូលប្រជុំ

0

ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភា ដែលនឹងត្រូវអញ្ជើញចូលរួម សម័យប្រជុំរដ្ឋសភាលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។

យោងតាមហ្វេសប៊ុក រដ្ឋសភា នៅថ្ងៃទី២៣ មិថុនានេះ បានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារ ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។​ អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា​ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល​រយៈពេលប្រមាណ ៣ខែមក។ មានរបៀបវារៈ ចំនួន៩​ ដែលនឹងលើកឡើងយកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈស្តីពី ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ ៕