ភ្នំពេញ៖ កុមារាអាយុ ៣ឆ្នាំម្នាក់ ដាំក្បាលចូលទឹកពាងលង់ស្លាប់ ឪពុកម្តាយបានត្រឹមយំស្ដាយកូន ។ ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពក្មេងប្រុសមានឈ្មោះ សុខ វុទ្ធី អាយុ៣ឆ្នាំ រស់នៅជាមួយម្ដាយឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ ។
បើតាមម្ដាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្លែកថា មុនពេលកើតហេតុរូបគាត់ បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះ ទៅលេងផ្ទះជីដូននៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀត ដែលទើបសម្រាលបាន២ខែ ដោយប្ដីចេញទៅធ្វើការដើម្បី រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។ លុះក្រោយមកក៏ស្រាប់តែ មេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង ធ្វើឲ្យរូបគាត់ជាម្ដាយទៅមើលកូន នៅឯផ្ទះយាយតែមិនឃើញក៏នាំគ្នាដើររក ក៏ប្រទះឃើញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង រួចក៏ប្រញាប់លើកយកមក ធ្វើចលនាស្ទើរគ្រប់បែបយ៉ាង តែទោះបីធ្វើបែបណាក៏ក្មេងប្រុសរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
ក្រោយពីពិនិត្យសពជនរងគ្រោះរួចរាល់ សមត្ថកិច្ចបញ្ចាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពាងប្រាកដមែន ហើយក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕