កូនអត់កំណើត យកញញួរវាយបំបាក់សំយ៉ាបផ្ទះ យកដែក និងស័ង្កសី ទៅលក់ទិញថ្នាំញៀនជក់

0

ភ្នំពេញ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ោញ សារឿន ភេទស្រី អាយុ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទួលប្រាសាទ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី នៅចំណុចក្លឹមហាត់ប្រាណ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរួចមក លោកបានចាត់តាំងកម្លាំងរបស់លោក ចុះដល់កន្លែងកើតហេតុហើយធ្វើការ ឃាត់ខ្លួនបុរសម្នាក់ត្រូវជាកូនបង្កើត (ជនសង្ស័យ) ម្នាក់ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីសួរនាំរួច ជនសង្ស័យបានរៀបរាប់ថា បច្ចុប្បន្នខ្លួនរស់នៅជាមួយម្ដាយ ហើយរូបខ្លួនតែងតែប្រាស់គ្រឿងញៀនជាប្រចាំ ពេលខ្លះខ្លួនគ្មានលុយ ទិញគ្រឿងញៀនមកប្រើប្រើប្រាស់ ខ្លួនតែងតែគំរាមកំហែងម្ដាយយកលុយ ទៅទិញគ្រឿងញៀនរហូត ប៉ុន្តែនៅថ្ងៃទី២០ ខែមិថុនានេះ ពេលខ្លួនសុំលុយម្ដាយមិនបាន ទើបធ្វើឱ្យខ្លួនមានកំហឹង ហើយខ្លួនបានយកញញួរ វាយបំបាក់សំយ៉ាបផ្ទះដើម្បីយកដែក និងស័ង្កសី យកទៅលក់ដើម្បីទិញគ្រឿងញៀនមកជក់ ប៉ុន្តែក្នុងពេលកំពុងវាយបំផ្លាញស្រាប់តែ កម្លាំងអាវុធហត្ថមកឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹង របស់ដើមបណ្ដឹងត្រូវជាម្ដាយ និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាមនីតិវិធីហើយនៅរសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ៕