ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា រោងចក្រចម្រាញ់រ៉ែមាស មានសមត្ថភាពជីកយករ៉ែឆៅ ជិត២លានតោន ក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាស៩០% ហេីយចំណូលថវិកា ជាតិពីសួយសារ និងសារពើពន្ធផ្ទាល់ ប្រមាណ៤០ លានដុល្លារ ។ នេះបេីយោងគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ច នៃជម្រកធនធានរ៉ែកម្ពុជា បានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។
ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារ ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន។
ក្នុងពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុយ សែម មានប្រសាសន៍ថា «នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បានបញ្ជាក់ថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។ ការដាក់ឲ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការ ប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះវាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើន និងជំនាញពិតប្រាកដ៕