ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងផេកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល មានខ្លឹមសារថាៈ យើងខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ មានហាងចិនមួយកន្លែងបើកចាក់ធុងបាសលាន់លឺសម្លេងខ្លាំងៗតាំងពីព្រឹករហូតដល់យប់ជ្រៅរាល់ថ្ងៃ ធ្វើអោយរំខានដល់ដំណេកអ្នកជិតខាងរកដេកពុំលក់យ៉ាងខ្លាំង ទីតាំងចូលពីផ្លូវជាតិ២១ តាមវត្តព្រែកស្បូវ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានការចង្អុលបង្ហាញពី ក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុក បានបញ្ជាអោយសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ចុះពិនិត្យមើលជាបន្ទាន់ករណីនេះ។
ជាលទ្ធផល៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះដល់ទីតាំងខាងលើ ដែលមានម្វាស់ផ្ទះឈ្មោះ ស៊ីង អ៊ីយូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មានមុខរបលក់ដូរ កាន់លិខិតឆ្លងដែនលេខ EE7599370 ស្នាក់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល ។
បន្ទាប់មសមត្ថកិច្ចពិនិត្យឃើញថា ម្ចាស់ហាងខាងលើពិតជាបានចាក់ធុងបាសឮៗ រហូតដល់យប់ជ្រៅ បង្ករការរំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ ប្រាកដមែន។ ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់រាល់ការចាក់ធុងបាស ឬឧបករណ៍បំពងសម្លេងផ្សេងៗ ដែលបង្ករការរំខានដល់ ប្រជាពលរដ្ឋរស់នៅក្បែរៗនោះតទៅទៀត ៕