ទៀតហើយ! មនុស្ស ៤នាក់ ស្លាប់ជាបន្តបន្ទាប់ សង្ស័យពុលស្រាស ស្រាថ្នាំ

0

ភ្នំពេញ៖ នាពេលកន្លងទៅ គេឃើញមានករណីមនុស្សស្លាប់ជាច្រើននាក់ នៅឯខេត្តក្រចេះ និងខេត្តកណ្តាល ដោយសារតែពុលស្រាសស្រាថ្នាំ ហើយក្រោយមកក៏មានការចាប់ឃាត់ខ្លួន អ្នកផលិតស្រា អ្នកលក់ស្រាដាក់ពន្ធនាគារផងដែរ ប៉ុន្តែឥឡូវនេះ វាបានផ្ទុះកើតនៅឯស្រុកពាំរាំង ខេត្តព្រៃវែងដែរហើយ ដោយមនុស្សចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់គ្នា ក្នុងរយៈពេលតែ១ថ្ងៃ ហើយជំហ៊ានដំបូងគេសង្ស័យថា ជាករណីពុលស្រាសស្រាថ្នាំនេះឯង។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តព្រៃវែង រាយការណ៍ជូនលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានអោយដឹងនៅព្រឹកថ្ងៃទី២០ មិថុនាថា ករណីសង្ស័យពុលស្រាសស្រាថ្នាំ បណ្តាលអោយស្លាប់បាត់បង់ជីវិតរហូតដល់ ៤នាក់នេះ បានកើតឡើងនៅក្នុងភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩មិថុនា ដោយជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

លោក ហ៊ី ធួក បានបន្តទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ពេល ក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ ៣នាក់ផ្សេងទៀត គឺបានស្លាប់បាត់បង់ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុនៃ ការស្លាប់របស់ជនរងគ្រោះទាំង ៤នាក់ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាក គំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។

ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាល ស្រុកពារាំងបានអោយដឹងនៅរសៀលថ្ងៃទី២០ មិថុនានេះថា ចំពោះជនរងគ្រោះដែលបាន ស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចណ្ឌ័នោះ ក្រុមគ្រូពេទ្យជំនាញរបស់ លោកបានចុះទៅពិនិត្យរួចហើយ ដោយការពិនិត្យនោះ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្មណ៌ ហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៌ឯរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់អោយច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២០មិថុនានេះ លោក អ៊ុត សុភាព ប្រធាន ក.ប.ប សាខាខេត្តព្រៃវែង ក៏បានដឹកនាំមន្រ្តីរបស់លោក ចុះទៅពិនិត្យស្រាវជ្រាវនៅក្នុងតំបន់នោះផងដែរ ដោយក្នុងនោះ លោកបានជួបសម្ភាសន៌ជាមួយគ្រួសារជនរងគ្រោះ ដើម្បីសាកសួរពីប្រភពស្រាដែលជនរងគ្រោះទិញយកមកផឹក និងយកសំណាកគំរូស្រានោះ យកទៅពិនិត្យនៅមន្ទីរពិសោធន៌ ដើម្បីអោយដឹងថា តើក្នុងស្រានោះមានដាក់លាយសារធាតុអ្វីខ្លះ? ទើបធ្វើអោយជនរងគ្រោះផឹកហើយ ពុលស្លាប់បែបនេះ ជាមួយគ្នានោះដែរ ក៏បានចុះទៅពិនិត្យផ្ទាល់ដល់កន្លែងលក់ស្រា និងផលិតស្រាជាច្រើនកន្លែងក្នុងភូមិយោតនោះផងដែរ៕