ភ្នំពេញ៖ បន្ទាប់ពីបានទទួលព័ត៌មាន ជាបន្តបន្ទាប់ពីពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណ ជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋ សម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ ។
ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤:០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់។ សូមបញ្ជាក់ថា កន្លងមកក្រុមនេះបានធ្វើសកម្មជាចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើកមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០៤នាក់:
១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ(មេក្លោងផ្តើមគំនិត)
២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត)។
៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
ខ-វត្ថុតាងចាប់យករួមមាន:
1. រថយន្ត ១គ្រឿង
2. ម៉ូតូ ២គ្រឿង
3. អាវុធខ្លី(ជ័រ) ១ដើម
4. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង
5. ឯកសណ្ឋាននគរបាល ២កំប្លេ និង អាវ ១
6. មួកនគរបាល ១
7. ខ្សែក្រវ៉ាត់នគរបាល ១
8. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
9. អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
10. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១
11. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក
12. កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក
13. តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត
14. កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)
15. កាតសម្គាល់អាវុធខ្លី ១សន្លឹក
16. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក
17. កាតចាក់វ៉ាក់សាំង ១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕