ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ ដួលស្លាប់ក្នុងបន្ទប់ទឹក នៃអធិការដ្ឋានគរបាលស្រុកសូទ្រនិគម ដែលជាកន្លែងធ្វើចត្តាឡីស័ក ដោយសារតែជំងឺគាំងបេះដូង និងលើសឈាម ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងបន្ទប់ទឹក នៅកន្លែងធ្វើចត្តាឡីស័ក នៃអធិការដ្ឋានគរបាល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ណី វរះ អាយុ៤៣ឆ្នាំ ឋានៈអនុសេនីយ៍ឯក នាយផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ នៃអធិការដ្ឋាន នគរបាលស្រុកសូទ្រនិគម។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដេកពេលព្រឹក ហើយក៏បានស្លៀកកន្សែងចូលបន្ទប់ទឹក។ លុះដល់ម៉ោង១១ព្រឹក យើងក៏បានរកគាត់មកហូបបាយ តែរកមិនឃើញសោះ លុះយើងក៏ទៅមើលនៅក្នុងបន្ទប់ទឹក ក៏ឃើញបន្ទប់ទឹកបិទទ្វារពីក្នុង ហើយយើងហៅមិនឮ ទើបក៏កម្លាំងរបស់យើងក៏បានអើត មើលតាមប្រហោងជញ្ជាំងបន្ទប់ទឹក ស្រាប់តែឃើញគាត់នៅក្នុងបន្ទប់ទឹក ក៏នាំគ្នាធាក់ទ្វារបន្ទប់ទឹកចូលទៅមើល ក៏ឃើញថាគាត់ស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។
ក្រោយពេលឃើញហេតុការណ៍នេះហើយ កម្លាំងយើងក៏បានរាយការណ៍ ឱ្យគ្រូពេទ្យមកយកសំណាក ដើម្បីរកមេរោគកូវីដ១៩ ហើយលទ្ធផលគឺអវិជ្ជមាន។ ចំពោះមូលហេតុ គឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងលើសឈាម។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់សពឱ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


