ជនជាតិចិន-ខ្មែរ ជាង១០០នាក់ វាយសោរទម្លុះទ្វារ រត់ចេញពីបន្ទប់ KTV ក្រោយសមត្ថកិច្ចចុះបង្រ្កាប

0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្រ្កាបទីតាំងខារ៉ាអូខេ ជនជាតិខ្មែរនិងជនជាតិចិន ចំនួន០២កន្លែងផ្សេងគ្នា ជួបជុំច្រៀងផឹកស៊ី ល្មើសវិធានការរដ្ឋបាល រាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដោយឃាត់ខ្លួនមនុស្សប្រុស.ស្រី ចំនួន៣២នាក់ ចំណែកប្រមាណជាង១០០នាក់ទៀត វាយគាស់ទម្លុះទម្លាយ សោរទ្វារត់គេចខ្លួន ខណៈដែលសមត្ថកិច្ចខំប្រឹងព្យាយាម ឃាត់ឃាំង ក៏មិនអាចទប់ទល់ បាននោះទេ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

បើតាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ច ចុះប្រតិបត្តិការឱ្យដឹងថា កាលពីវេលាម៉ោង១១នឹង៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានមកថា នៅចំណុចទីតាំងហាងខារ៉ាអូខេយីហោ ជីង ជុង ស្ថិតនៅលើបណ្តោយផ្លូវសហព័ណ្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានបើកលួចលាក់ផឹកស៊ី ច្រៀងខារ៉ាអូខេ ពីសំណាក់ជនបរទេស ចម្រុះគឺចិន វៀតណាម និងថៃ ចំណែកជនជាតិខ្មែរជាបុគ្គលិកមានគ្នាប្រមាណជាង១០០នាក់ នៅពេលនោះកម្លាំងសមត្ថកិច្ចក៏បានឆ្មក់ចូលត្រួតពិនិត្យ និងបង្រ្កាបជាក់ស្តែង ឃើញមានការជួបជុំផឹកស៊ី តាមបន្ទប់មួយចំនួន នៅជាន់លើ។ បន្ទាប់មកក៏បានប្រមូលពួកគេទាំងនោះ មកជាន់ក្រោម ឱ្យសម្រាក នៅក្នុងហាងខារ៉ាអូខេ នោះមួយយប់សិន រងចាំព្រឹកឡើង ហៅគ្រូពេទ្យ មកពិនិត្យធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសមត្ថកិច្ចបានចាក់សោរទ្វារ ខាងមុខនិងខាងក្រោយ។

លុះនៅវេលាម៉ោង៣ យប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពួកគេទាំងនោះក៏បានវាយសោរទម្លុះទម្លាយទ្វារ ក្រោយបណ្តាលឱ្យបាក់ ក៏នាំគ្នារត់ចេញយ៉ាងប្រសាច ហើយគេចខ្លួនអស់ ទោះបីសមត្ថកិច្ចប្រើប្រាស់ដំបងឆក់ គំរាម យ៉ាងណាក៏ពួកគេមិនខ្លាចដែរ នាំគ្នារត់ចេញ ដោយសុវត្ថិភាព បន្សល់ទុកមធ្យោបាយ មួយចំនួនប៉ុណ្ណោះ។

ដោយឡែក០១ករណីទៀត នៅយប់ថ្ងៃដដែល គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានចុះល្បាត និងធ្វើការត្រួតពិនិត្យតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ នឹងមានការសង្ស័យក៏បានចុះត្រួតពិនិត្យភោជនីយដ្ឋាន ដែលមានយីហោ ផាត ធី ឃើញ បានលួចបើកខារ៉ាអូខេច្រៀងផឹកស៊ីល្មើសនឹងបំរាមហាមឃាត់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានបង្រ្កាបបិទអាជីវកម្ម ព្រមបានឃាត់មនុស្សចំនួន ៣២នាក់ ស្រី១៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត។ មនុស្សទាំង៣២នាក់នេះផងដែរ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ព្រែកព្នៅ ៕