ភ្នំពេញ៖ ស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ដែលជាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៣លាន ត្រូវបានទទួលជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញ បុគ្គលដែលបានចាក់វ៉ាក់ សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យ ជ័យជំនះខេត្តកណ្តាល។ ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកស្រី ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់»។
សម្ដេចបន្តថា យើងសម្រេចបាននូវការចាក់វ៉ាក់សាំង ចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យ ដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់ ៕