កុំចេះតែហ៊ាន! ចាប់ខ្លួនប៉ូលិសក្លែងក្លាយម្នាក់ ខណៈកំពុងស្ពាយមាន់ជល់ បម្រុងជិះទូកឆ្លងទន្លេ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន បាននៅលើទូក ពាក់ព័ន្ធករណី ក្លែងបន្លំឯកសណ្ឋាននគរបាល។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្រោយទទួលបានបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុច កំពង់ចម្លង (ព្រែកតូច បារ៉ែនក្រោម) នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួន បុរសម្នាក់ ខណៈពាក់មួកប៉ូលីស និងបានស្ពាយមាន់ជល់ចំនួនពីរក្បាល ដែលបានទិញពីគេ បម្រុងយកទៅធ្វើពូជ។

ប៉ូលីសក្លែងក្លាយ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន ០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណង យកទៅបង្កាត់ពូជ ដោយគ្មានចេតនា យកទៅជល់ភ្នាល់ដាក់លុយនោះទេ ។ បន្ទាប់ពីបានទិញរួច នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយក កន្ត្រក មកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុប ប្អូនរបស់ខ្លួន អោយជួយកាន់កន្ត្រកដែលដាក់មាន់ ០២ក្បាល ខាងលើយកទៅទុកនៅផ្ទះ ។

នៅពេលដែលជិះម៉ូតូមកដល់ ចំណុចកើតហេតុ នៅលើកំពង់ចម្លង ខណៈកំពុងជិះទូកឆ្លងទន្លេរ ក៏ត្រូវបានគេថតរូបភាពបានបង្ហាញ ពីរូបពាក់មួកប៉ូលីសជិះម៉ូតូ ស្ពាយមាន់ជល់តែម្ដង ។
រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពាក់មួកប៉ូលីស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន ៕