ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់បានរងរបួស ក្នុងពេលចុះបង្ក្រាបករណីគ្រឿងញៀននៅខុនដូមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ខណៈជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃប្រហារមកលើកម្លាំងសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក៣ និង ក១០ បានធ្វើការចុះបង្ក្រាបនៅក្នុង ទីតាំងចំណុចកើតហេតុខុនដូមួយកន្លែង ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងកាំភ្លើងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំង របស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ភ្លាមនោះត្រូវបានកងកម្លាំងដូចគ្នា ដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយមក កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍ របស់អធិការនគរបាលខណ្ឌជ្រោយចង្វា ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេរឃើញវត្ថុតាង មានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AK ជាច្រើននៅក្នុងបន្ទប់ខុនដូជាន់ទី១៣ នោះផងដែរ។
កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ ដែលជាខ្មាន់កាំភ្លើងទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕