ឃាត់ខ្លួនបុរសម្នាក់ ក្រោយដើររកប្រពន្ធមិនឃើញ កើតជាជម្លោះ ទាញប៉័ងតោកាប់ បុរសម្នាក់ រយះក្បាល

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ករណីប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោ កាប់បណ្តាលឲ្យរបួស) កាលម៉ោងពីម៉ោង៤រសៀល ថ្ងៃទី ០៧ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មាន លេខផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង លាងង៉ែត អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅខ្លី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗ នៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់ ជនរងគ្រោះឆ្លើយថា មិនឃើញទេ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យ យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះចំក្បាលបែក ចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋ ក្បែរនោះទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងកាំ បិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕​