ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងម្ចាស់គណនីហ៊្វេសបុកឈ្មោះ រាត្រីត្រជាក់ ដែលបានបញ្ចេញនូវព័ត៌មាន មានខ្លឹមសារថា ៖ នៅគីរីរម្យអ្នកបើកឡានដឹកដី មួយក្រុមផឹកស៊ីចាក់បាសឡូឡា ស៊ីផ្លេរពេញព្រៃ ដែលជាអំពើគ្មានសីលធម៌ ដែលធ្វើ ឱ្យប៉ះពាល់មហាជនដែលបានធ្វើដំណើរកម្សាន្ដ និងបោះតង់នៅទីនោះ? សូមសមត្ថកិច្ចហៅពួកគាត់ យកទៅណែនាំអប់រំផង។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយទទួលបាននូវព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បញ្ជាឱ្យកំលាំងនគរបាលចុះស្រាវជ្រាវ ករណីខាងលើ នៅទីតាំងផ្លូវឡើងភ្នំគីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ (នៅតំបន់ទេសចរណ៍ មាត់ទឹកស្រះស្រង់គីរីរម្យ)។
ផ្អែកតាមរបាយការបំភ្លឺរបស់ឈ្មោះ ម៉ា សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ ជាអ្នកលក់ដូរ នៅចំណុចទីតាំងខាងលើ រៀបរាប់ប្រាប់ថា កាលពីថៃ្ងទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣៥នាទី មានក្រុមរថយន្ដបែនដឹកដី ប្រមាណ ០៦គ្រឿង បានឡើងមកឈប់សំរាក លេងនៅចំណុចមាត់ទឹកស្រះស្រង់ ។
បញ្ជាក់ទីតាំងចំណុចកើតហេតុ គឺស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយក្រុមរថយន្ដបែនទាំងនោះ បានចាក់ធុងបាស និងផឹកស្រាបៀ រាំច្រៀងយ៉ាងសប្បាយ អឹងកង ប៉ុន្ដែការផឹកស៊ី រហូតដល់ម៉ោងប្រមាណ១៥ និង៣០នាទី ទើបក្រុមពួកគេ បានចាកចេញទៅវិញ ក្នុងនោះផងដែរ ក្រុមរថយន្តបែន ០២គ្រឿង ដែលចេញក្រោយគេ គឺបានចុចស៊ីផ្លេរ ឡានយ៉ាងយូរឮរំពងពេញព្រៃ ប្រមាណ ១៥ នាទីទើបឈប់រួច ចេញបាត់ទៅចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរណ៍ ដទៃទៀតមានការខឹងសម្បា និងក្រុមរថយន្ដឡានបែនដឹកដី ទាំងនោះ ។
ជាលទ្ធផល ៖ តាមរយៈកិច្ចសហការ ជាមួយជំនាញពាក់ព័ន្ធ កំលាំងនគរបាល ធ្វើការស្រាវជ្រាវករណីនេះ និងបញ្ជាក់ថា ពិតជាមានសកម្មភាពដូចការរៀបរាប់ របស់ប្រជាពលរដ្ឋ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ រាត្រីត្រជាក់នោះមែន តែក្រុមរថយន្តបែន ដឹកដីទាំង ០៦ គ្រឿង គឺមិនមានទីលំនៅ ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ នោះទេ ។
លុះដល់ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី កំលាំងនគរបាល បានព្យាយាមរករូបភាព ជាអត្ដសញ្ញាណ ក្រុមរថយន្ដបែនដឹកដីទាំងនោះ ដើម្បីបង្ហាញនិងពិនិត្យលើ ស្លាកលេខរថយន្ដ ក្នុងចំណោមរូបភាពរកឃើញ ស្លាកលេខរថយន្ត(ចង្កូតស្ដាំ) 2_1986 យោងតាមកំណត់ត្រាស្វែង រកយានយន្ត ម៉ាក NISSAN ឆ្នាំផលិត 1998 ជាកម្មសិទ្ធិរបស់ឈ្មោះ នឹម ទុំ អាសយដ្ឋាន : ផ្ទះ.៨៨ ផ្លូវ.៥ #48 អង្គប្រទះឡាង ដង្កោ ភ្នំពេញ ។
វិធានការបន្ដ គឺមន្រ្ដីឧទ្យាននុរក្សបរិស្ថាន គ្រប់គ្រងតំបន់គីរីរម្យ និងធ្វើការត្រួតពិនិត្យលើករណីដែលភ្ញៀវទេសចរណ៍ឡើង មកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត ។
អាស្រ័យហេតុនេះ សូមសាធារណជន និងម្ចាស់គណនី ហ៊្វេសបុក រាត្រីត្រជាក់ ពិសេសអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ។