ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាមការចង្អុលដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្រប សម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចូលរួមជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា (កាប់ដោយពូថៅ) ១ករណីនៅចំណុភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង។
កិច្ចប្រត្តិបត្តិការនេះសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យ ១ នាក់ឈ្មោះ សុំ ចិន្តាវន្ត័ ហៅ រ៉ាត់ ភេទប្រុសអាយុ៣៧ ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង២៣នាទីនៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើ សកម្មភាពកាប់ដោយពូថៅ ទៅលើជនរងគ្រោះឈ្មោះរី វីរៈ ហៅ ពេជ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមូលហេតុ ទំនាស់ពាក្យសម្តី បណ្តាលឱ្យជនរងគ្រោះរងរបួស ផ្នែកក្បាលយ៉ាងដំណំ។
ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការលើករណីនេះ ហើយឆ្លងតាមរយៈការស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តង។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH 5116, ពូថៅដងឈើចំនួន១ ។
បច្ចុប្បន្នការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមច្បាប់ ៕