ភ្នំពេញ៖ ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឲ្យមានសម្របសម្រួលជាមួយ ក្រុមប្រជាពលរដ្ឋរាប់រយនាក់ ដែលតវ៉ាករណីដីធ្លីហើយបិទផ្លូវជាតិលេខ១ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងមានការសម្របសម្រួលផងដែរពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នាវេលាយប់នេះ ក្រុមប្រជាពលរដ្ឋក៍បានយល់ព្រម រំសាយការតវ៉ាបិទផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ការយល់ព្រមរំសាយនេះ គេឃើញមានវត្តមានផ្ទាល់ក្នុងការ សម្របសម្រួលពីសំណាក់ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធ ស្រុកកៀនស្វាយផងដែរ។ នៅក្នុងការសម្របសម្រួលនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការ យល់ស្របនឹងការសម្របសម្រួល របស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ហើយយល់ព្រមចូលខ្លួនដោះស្រាយនៅសាលាស្រុកកៀនស្វាយ ជុំវិញបញ្ហាដីធ្លីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១នេះ ។
ទន្ទឹមនឹងការដោះស្រាយយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ ក្រុមប្រជាពលរដ្ឋបានសំដែង ការសប្បាយរីករាយដែលបានឃើញ អាជ្ញាធរខេត្តចុះមកជួបពួកគាត់ និងយល់ព្រមទទួលយកសំណើ របស់ពួកគាត់ទៅដោះស្រាយនាថ្ងៃនេះ ៕