ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួន ដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល ១សប្តាហ៍កន្លងទៅនេះ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងការពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។
ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
សូមរំលឹកថា តាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យដឹងថា នៅវេលាម៉ោង០៧:៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួចចាក់ ទៅលើប្រពន្ធដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ ។ បណ្តាលឱ្យរបួសចំនួន៥កន្លែង (ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រច័ណ្ឌ ដោយខឹងប្រពន្ធសុំលែង។
ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕