ភ្នំពេញ ៖ យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ មូល ខៀវ ភេទស្រី អាយុ៦៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្តឹងកូនបង្កើត ប្រើហិង្សាបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់កូនកំហូចរូបនេះ យកមកចាត់ការតាមច្បាប់។
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាកូនប្រុស ជាជនដៃដល់រូបនេះ ឈ្មោះ សុវណ្ណ ថា អាយុ២៩ឆ្នាំ រស់នៅចំណុចខាងជើង រោងចក្រសានកូ ស្ថិតក្នុងភូមិ.សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្តថាក្រោយ ពីទទួលបានពាក្យបណ្ដឹងភ្លាម លោកមេបញ្ជាការ បានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនឈ្មោះ សុវណ្ណ ថា មកសួរនាំអំពីរឿងហេតុដែលកើតឡើង ។
ជនសង្ស័យ សារភាពថា រូបខ្លួនធ្លាប់ ជាប់ពន្ធនាគារ ចំនួន០២លើកមកហើយ ក្នុងករណីចែកចាយគ្រឿងញៀន និងករណីលួចរថយន្ត។ ក្រោយចេញពីពន្ធនាគារ រូបខ្លួនបានប្រើប្រាស់គ្រឿងញៀន ជារៀងរាល់ថ្ងៃ ហើយបង្កការអុកឡុក ដល់ក្រុមគ្រួសាររហូត ពេលរូបខ្លួនខឹងនឹងម្ដាយ ខ្លួនតែងតែបោកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ រូបខ្លួនបានខឹងនឹងម្ដាយមិនយកបាយឱ្យខ្លួនស៊ី ទើបខ្លួនបោកកម្ទេចឆ្នាំងបាយអស់មួយចំនួន ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុង បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃសៅរ៍ ទី២៩ខែឧសភា ម្សិលមិញនេះ ជាមួយវត្ថុតាងមាន កណ្តៀវ១ កាំបិតប៉័ងតោ១ និងចម្ពាមកៅស៊ូ១ ៕