ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់អំពីហេតុការណ៍ ដែលកម្មករ-កម្មការិនីរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (A and J) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាំគ្នាសម្រុកចេញពីរោងចក្រ មិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធការយកសំណាកពិនិត្យរកជំងឺកូវីដ១៩។
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការ នៅក្នុងរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យ ចូលក្នុងនិយមន័យ កូវីដ-១៩ បានស្ម័គ្រចិត្ត ទៅយកវត្ថុវិភាគសំណាក ធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាក ក្រុងបាវិត ជាលទ្ធផល វិជ្ជមានកូវីដ-១៩។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ មានផ្ទុកជំងឺកូវីដ-១៩ ខេត្តសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ នៅក្នុងរោងចក្រខាងលើ។ ក្រុមការងារបានបន្ត យកវត្ថុវិភាគសំណាក អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ នៅអគារផ្នែកខាងមុខ ចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារ បានសហការជាមួយរោងចក្រ ធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃ កម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល។
ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារ បានខិតខំពន្យល់ណែនាំ ពីការយកវត្ថុវិភាគសំណាក រកមេរោគកូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់ នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក តាមដានសុខភាព ប៉ុន្តែបងប្អូនជឿ តាមការញុះញង់ និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញ ពីរោងចក្រតែម្តង។
ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ។
ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើមសូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕