ភ្នំពេញ៖ ទារិកាដ៏គួរឱ្យស្រឡាញ់ម្នាក់ ត្រូវបានប្រសូត្រចេញពីផ្ទៃមាតាដែលមានផ្ទុកជំងឺកូវីដ-១៩ ដោយជោគជ័យ នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងថា កន្លងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត បានចូលរួមយកចិត្តទុកដាក់បង្កើតទារកដែលម្តាយមានវិជ្ជមានកូវីដ-១៩ម្នាក់រួចហើយ ហើយបានដោយជោគជ័យ ហើយនេះជាទារិកាទីពីរ ដែលបានប្រសូត្រចេញពីផ្ទៃម្តាយ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ដូចគ្នា។ ទារិកាបានប្រសូត្រមកនៅម៉ោង ប្រមាណជាង១០ព្រឹក និងមានទម្ងន់ជាង ៣គីឡូក្រាម ។
លោកវេជ្ជបណ្ឌិត ហុក គ្រី បានបញ្ជាក់បន្ថែមថា ម្តាយ និងទារិកាពិតជាមានសុខភាពល្អ ហើយទារិកាក៏មិនមានការឆ្លងនូវវ៉ីរុសពីម្តាយដែរខណៈការប្រសូត្រប្រព្រឹត្តិទៅក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងតាមបច្ចេកទេសពេទ្យ។ មួយវិញទៀតក្រោយការប្រសូត្រភ្លាម ក្រុមគ្រូពេទ្យក៏បានធ្វើការជម្លៀសចេញពីម្តាយភ្លាមផងដែរដើម្បីប្រគល់ឱ្យអ្នកថែទាំយកទៅថែរក្សារហូតដល់ម្តាយមានការជាសះស្បើយ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្រ្តីជាអ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ កង រដ្ឋា អាយុ ៣៦ឆ្នាំ សម្រាលបានទារកម្នាក់ដែលមានទម្ងន់ ៣គីឡូក្រាម ហើយនៅថ្ងៃទី២៦ ខែឧសភា នេះស្រ្តីជាអ្នកជំងឺកូវីដ-១៩ឈ្ម្នាក់ទៀត ឈ្មោះ ផៃ រក្សា អាយុ ៣១ឆ្នាំនេះ ប្រសូត្របានដោយជោគជ័យដូចគ្នា។ អ្នកទាំងពីរសុទ្ធតែមានសុខភាពល្អបរិបូណ៌ និងមានការសាទរពីក្រុមគ្រូពេទ្យ និងថ្នាក់នាំពិសេសថ្នាក់ដឹកនាំខេត្តផងដែរ៕