ភ្នំពេញ៖ បុរសម្នាក់ខឹងម្តាយមិននៅផ្ទះ បានយកភ្លើងដុតផ្ទះខ្លួនឯងឆេះខ្ទេច ។ ករណីនេះកើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។
ជនបង្កឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនបង្កបានយកកាំបិតខ្វែវ ទៅវាយកម្ទេចពាងទឹកអស់ចំនួន១១ និងបន្តទៅដុតផ្ទះឆេះអស់មួយខ្នងទៀត។ ផ្ទះមួយខ្នងដែលឆេះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងស័ង្កសី ដំបូល ស័ង្កសី របស់ជនរងគ្រោះឈ្មោះ ធ ធួត ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនបង្ក រស់នៅភូមិពងអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ផ្ទះឆេះរាបដល់ដី និងឆេះអស់សម្ភាររួមមាន៖ សូឡា១ផ្ទាំង, ទូរទស្សន៍១, អាគុយ៤០អំពែ១, ម៉ូតូ២ គ្រឿង, ស្រូវ២បាវ, អង្ករ១ការ៉ុង, ទូរស័ព្ទ១, លុយចំនួន ២.០០០បាត(លុយថៃ) និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃមួយចំនួនទៀត ៕