ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រកាសជូនដំណឹងពីការស្វែងរកតាមចាប់ខ្លួន និងផ្ដល់រង្វាន់ជូនប្រប់ពីទីតាំងលាក់ខ្លួន របស់មន្រ្តីប៉េអឹមម្នាក់ ដែលចាក់អតីតប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់ កាលពីពេលកន្លងទៅថ្មីៗនេះ ។
អាវុធហត្ថខេត្តកំពង់ធំបញ្ជាក់ថា ប្រសិនបើបានឃើញជនសង្ស័យ ឈ្មោះ ស្រ៊ន ពេជ្ររស្មី ម្នាក់នេះសូម ជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែ ឬ រាយការណ៍មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ តាមរយៈលេខទូរសព្ទ័ 097 777 7776, 097 545 5555, 096 616 6666, 017 777 998, 068 762 222, 012 771 909 ។ ករណីរាយការណ៍ច្បាស់លាស់ យើងនិងជូនរង្វាន់ ។
សូមរំលឹកថា តាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឱ្យដឹងថា នៅវេលាម៉ោង ៧:៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច ចាក់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨ (ក) ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រច័ណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ ។
ទាក់ទិនករណីនេះ កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិកនៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេត តាមចាប់ខ្លួន បុគ្គលដែលប្រព្រឹត្តល្មើស។
ទន្ទឹមគ្នានោះដែរនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ជាធរមាន ៕