ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចដែកអេតចាយតម្លៃ ៥០.០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយឡែកជនសង្ស័យឃាត់ខ្លួនមាន ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ បានឱ្យជនសង្ស័យឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6955 ផលិតឆ្នាំ២០០៦ សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A-7550 ដឹកដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន៕