ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងករណីកូនបង្កើត យកដែកទីបវាយទៅលើឪពុកបង្កើត របស់ខ្លួន។
បន្ទាប់ពីបានឃើញរូបភាពវីដេអូ ករណីហិង្សាបង្កឡើងដោយ កូនប្រុសបង្កើតយកដែកវាយទៅលើឪពុកបស់ខ្លួន យ៉ាងសាហាឃោរឃៅ លើបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាម និងបានដឹងថាករណីនេះកើតឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះកើតឡើងដោយសារ នៅពេលដែលជនរងគ្រោះ ជាឪពុកកំពុងលក់ដូរ នៅមុខផ្ទះ កូនប្រុសជាជនបង្កបានកាត់ បំផ្លាញខ្សែភ្លើង និងវាយកំទេចអំពូលភ្លើង នៅក្នុងផ្ទះ ទើបជនរងគ្រោះ បានស្តីបន្ទោស ទៅលើកូនរបស់ខ្លួន ដោយមានការខឹងនឹងឪពុក របស់ខ្លួនដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ ឮបានទៅយកបំពង់ទីបដែក មកវាយលើឪពុកបង្កើតរបស់ខ្លួន បង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។
ឪពុកជនបង្កក៏បាន ដាក់ពាក្យបណ្តឹងរួចរាល់ហើយ ពេលនេះសមត្ថកិច្ចជំនាញនៃ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្ក ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕








