ភ្នំពេញ៖ ក្រោយពីបានឃើញហ្វេសប៊ុក របស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី លោកពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនលោកផ្ទាល់ លោកសូមអភ័យទោសចំពោះទង្វើ ដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី លោកអភិបាលខេត្ត បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួល ដល់ការលំបាករបស់គាត់កន្លងមក។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសំណូមពរយ៉ាងទទូចដល់ បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។
លោក វុី សំណាង អះអាងថា «បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌ របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ» ៕




