ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សុំគោលការណ៍ឯកភាពពី ស្ថាប័នអយ្យការអមតុលាការ រាជធានីភ្នំពេញដើម្បីនាំយករថយន្ត មន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ដោយមានការសហការ ជាមួយអាជ្ញាធរខណ្ឌដង្កោផងដែរ លើទីតាំងលក់អាល់កុល តាមអនឡាញមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ក្រោយពីពិនិត្យកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុលចំនួន ១៨៣កាន ស្មើនឹង ៥.៤៩០លីត្រ និងត្រូវបានរឹបអូសយក ទៅអនុវត្តតាមនីតិវិធីច្បាប់។
សូមរំលឹកថា អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អាល់កុលក្លែងក្លាយចំនួន ៤០.៦២៥លីត្រ ប្រមាណជាង ៤០តោនហើយ ត្រូវមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបជាបន្តបន្ទាប់តាមបណ្តារាជធានី ខេត្តមួយចំនួន។
ទន្ទឹមនឹងនេះ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ កុំយកសារធាតុមេតាណុលបន្លំ ជាអាល់កុលលក់ជូនប្រជាពលរដ្ឋ។ សកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈម ចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕






