ដើម្បីផ្តាច់ឫសគល់កូវីដ១៩! តំបន់ក្រហមនៅភ្នំពេញ នឹងបង្រួមតូចរហូតតាមខ្នងផ្ទះ អគារ ឬតាមខុនដូ

0

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូ ចាប់ពីថ្ងៃ១៩ ខែឧសភា ខាងមុខនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

នាព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ តាមរយៈVideo Conference ស្ដីពីការត្រួតពិនិត្យការងារ នៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហម ដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ” បីការពារ បីកុំ “។

ក្នុងកិច្ចប្រជុំនេះអភិបាលរាជធានី បញ្ជាក់ថា «កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់ នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះ ឱ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ» ។

ទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយ ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពារ របស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្តបីកុំនិង៣ការពារ៕