ចាប់ខ្លួន​កឺកឺ ៣នាក់​ ករណី​ប្លន់ ប្រដាប់អាវុធ

0

ភ្នំពេញ​៖​ ជនសង្ស័យជាជនជាតិចិន​ ចំនួន​ ៣នាក់​ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ​ ឃាត់ខ្លួនពាក់ព័ន្ធ​លួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) រវាងជនជាតិចិន ទៅលើជនជាតិចិន និងបាញ់ ០២គ្រាប់ មកលើកម្លាំងសមត្ថកិច្ច។

សមត្ថកិច្ច​បានឲ្យដឹងថា​ ជនសង្ស័យទាំង ០៣នាក់​ ៖
១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។ (ខ្មាំងកាំភ្លើង)
២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។
៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។

សមត្ថកិច្ច​បន្តថា​ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥០នាទី មានប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ចថា នៅផ្លូវចំណោសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ជនជាតិចិនប្រើកាំភ្លើង ភ្ជង់ជនជាតិចិនគ្នា និងមានផ្ទុះអាវុធ ០១គ្រាប់ផងដែរ ដោយខ្មាន់កាំភ្លើងពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់ កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យ តាមភិនភាគ ដែលប្រជាពលរដ្ឋ បានរាយការ លុះដល់ចំណុចចំណោទតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះកម្លាំងសមត្ថកិច្ចបានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចចំនួន ០២គ្រាប់ តែមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងសមត្ថកិច្ចបានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង១៨នឹង៤០នាទី ទើបចាប់បានជនសង្ស័យដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ។

នៅវេលាម៉ោង១៩និង០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជុងប្លន់ នៅផ្លូវចំណោទសេតេ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ បានឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។ បន្ទាប់ពីទទួលបានជនសង្ស័យទាំង ០២នាក់នោះមក កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញថា ជនសង្ស័យទាំង ០២នាក់ ត្រូវគេធ្វើទារុណកម្ម ដោយមានស្នាមជាំ និងបែកឈាមជាច្រើនកន្លែងនៅលើដងខ្លួន ដៃ និងជើង ។

សមត្ថកិច្ច​ដកហូតវត្ថុតាង៖​ កាំភ្លើងខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777,​ បង់កាំភ្លើង ០១ មានគ្រាប់ ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់),​ សំបកកាទុស ០៥គ្រាប់ ។

ចំពោះជនសង្ស័យទាំង ០៣នាក់ ខាងលើ កំពុងធ្វើការសាកសួរ នៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ៕