ភ្នំពេញ៖ មានពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ម្ដាយជនរងគ្រោះករណីក្រុមជនដៃដល់ បានយកកាំបិតមកកាប់ លើកូនប្រុសរបស់គាត់ បណ្ដាលឱ្យដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ជាច្រើនកន្លែង កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ខណ:កូនប្រុសរបស់គាត់ទៅលេងបាល់ នៅក្លិបបាល់ទាត់ស្ពតវើលស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបណ្តឹងម្ដាយជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតនៅថ្ងៃទី១៤ខែឧសភានេះបាន ចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុ ដើម្បីសួរនាំរហូតកំណត់មុខសញ្ញា បាននិងឈានដល់ការចាប់ជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន៥នាក់។ ក្នុងនោះដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃដងដែកប្រវែង១,៨៥សង់ទីម៉ែត្រ១ដើម, កាំបិតប៉័ងតោ១ដើម,ពូថៅ១ដើម និងម៉ូតូ២គ្រឿង ។ បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕