ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក(ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ រឿន គឹមសាក់ ភេទស្រី អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ជាករណីពាក់ព័ន្ធជាមួយឈ្មោះ លីស ជី អ្នកវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថាឈ្មោះ រឿន គឹមសាក់ បានអនុវត្តចត្តាឡីស័កដោយខ្លួនឯង ក្រោយពេលដឹងថាខ្លួនមាន ពាក់ព័ន្ធដោយផ្ទាល់ជាមួយឈ្មោះ លីស ជី។ តែអំឡុងពេលនៃការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន ដែលបម្រើការងារ នៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II គឺអ្នកវិជ្ជមានឈ្មោះ លីស ជី ក៏ដូចជាអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលនេះ ពុំបានបង្ហាញអត្តសញ្ញាណ បុគ្គលវិជ្ជមានថ្មីនេះឡើយ។
២-ឈ្មោះ កៅ ពិភព ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ធ្វើដំណើរមកពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប នៅវេលាម៉ោងប្រហែល១៥៖០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ចំពោះអ្នករួមដំណើរជាមួយឈ្មោះ កៅ ពិភព ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងត្រូវបានក្រុមគ្រូពេទ្យណែនាំ ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត បន្ទាប់ពីយកសំណាក ទទួលបានលទ្ធផលអវិជ្ជមាន។
ពាក់ព័ន្ធករណីទីមួយនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាកន្លែងបម្រើការងារ របស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ រឿន គឹមសាក់។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានចេញ-ចូល ប៊ូទិច សានីង អង្គរ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការ យកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕