ភ្នំពេញ៖ ក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីស្វែងយល់ពីពីរចនាសម្ពន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លា ដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ពន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាមយុគសម័យនីមួយៗ ។

យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ឧសភានេះ បានឲ្យដឹងថា ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ពន្ធបុរាណ ជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខ ព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ពន្ធសំណង់ ផ្សេងៗជាច្រើនទៀត។

ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័ន្តទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ ព្រមទាំងមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថា មានសំណង់អំពីឈើឫហៅថា រោងទោងអំពីឈើប្រក់ក្បឿង នៅតាមបណ្តោយផ្លូវប្រវែងជិត ៨០ម៉ែត្រ។

លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវ ការដ្ឋានកំណាយបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន (ទី១) ពេលដែលផ្លាស់រាជធានី ពីរលួសមកអង្គរដែលយកភ្នំបាខែង ជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

ចំពោះទបង្ហូរទឹក (លូបង្ហូរទឹក) បុរាណដែលទើបរកឃើញថ្មីនេះ លោក ខៀវ ច័ន្ទ បញ្ជាក់ថា បានស្ថាបនាឡើងដោយយកថ្មបាយក្រៀម ធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូរ ០,២ម៉ែត្រនិងមានបណ្តោយ ៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើត ដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។

លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញ នៅក្នុងស្រទាប់ដីនីមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនា ឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំ ក្រុងអង្គរធំឱ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង ជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឦសាន សម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនៅទិសនិរតីសម្រាប់ បង្ហូរទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅ ធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនា កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុង ដែលមានទំហំ ៣គីឡូម៉ែត្របួនជ្រុងផងដែរ។

ព្រះលាននេះ ត្រូវបានសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន្ត។ នៅទីនេះ បុព្វបុរសខ្មែរបានសាងខឿន ខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបីនិងមានពីរជាន់។ នៅលើខឿននេះដើមឡើយ មានអគារសាងពីឈើប្រក់ក្បឿង តែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួតនៅទិសឦសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕

