ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី រឿងចង្ក្រានហ្គាសធ្វើម្ហូបក្លែម បងប្អូនជីដូនមួយកាប់សម្លាប់គ្នា…

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកភ្នំក្រវាញ ចាប់ឃាតកបានហើយករណី កាប់សម្លាប់គូទំនាស់ហើយ ព្យាយាមរត់គេចទាំងខ្លួន មានរបួសផងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ អិត រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ របួសដៃឆ្វេង ២កន្លែងរស់នៅភូមិ.ឃុំកើតហេតុ។ ចំណែកជនរងគ្រោះស្លាប់ឈ្មោះ ហុន ទឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។

លោកស្នងការរងបានបន្តថា បន្ទាប់ពីជំនាញពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះមានស្នាមរបួស ផ្នែកក្បាលលើចិញ្ចើមថ្ងាសខាងឆ្វេង ផុងលលាដ៍ ផ្នែកស្មាឆ្វេង ដាច់ឆ្អឹងស្មា និងឆ្អឹងស្លាបប្រចៀវ ផ្នែកខ្នងខាងឆ្វេងពីកញ្ចឹង.កដល់ក្រោមក្លៀក ជម្រៅដល់ឆ្អឹងជំនី និងសួត ផ្នែកចង្កេះខាងឆ្វេង ជម្រៅដល់ឆ្អឹងតំរ៉ងនោម។

ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយពោះម៉ាយដូចគ្នា។ ជនសង្ស័យនិងជនរងគ្រោះ កាលប៉ុន្មានថ្ងៃមុនមានទំនាស់ ពាក្យសម្ដីបន្តិចបន្តួច នៅក្នុងវង់ផឹកស៊ីនៅផ្ទះជនដៃដល់ រឿងចង្រ្កានហ្គាសធ្វើម្ហូបក្លែម។

បន្ទាប់មកចេះតែឌឺដងពាក្យសម្ដីដាក់គ្នា លុះយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះជិះម៉ូតូមានកាំបិត កកុកកាត់មុខផ្ទះជនដៃដល់ ថែមទាំងស្រែកជេប្រមាថទើបផ្ទុះហិង្សាតែម្ដង ដោយជនសង្ស័យមានពូថៅ និងរត់ទៅយកកាំបិតកកុកដែរ ៕