ធ្វើកិច្ចសន្យារាប់ភ្លេចដងមិនរៀងចាល ពេលនេះជនពិការជិះរទេះ ដើរលួចយ៉ាងសកម្ម ត្រូវប៉ូលិសចាប់ខ្លួន អនុវត្តតាមច្បាប់ហើយ

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទីរំលង អាធ្រត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តជាប់ជាប្រចាំនូវ មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនី​យ៍​ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបងបានដឹកនាំឃាត់ខ្លួនមុខសញ្ញា លួចពេលយប់)​បានចំនួន ២នាក់ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ក្នុងខណៈដែលមុខសញ្ញានេះ កំពុងចេញធ្វើសកម្មភាពដូចរាល់ដង។

ជនសង្ស័យទាំង ២នាក់រួមមាន៖ ១-ឈ្មោះ នូ ចាន់ណាត ហៅ ឆាងភេទប្រុស អា​យុ ៣៨ឆ្នាំ មានទីលំនៅមិនប្រាកដ ស្នាក់នៅក្រោម​ស្ពានថ្មថ្មីភូមិ ព្រែកមហា ទេពសង្កាត់ស្វាយ​ប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ២-ឈ្មោះ រៀង លីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរត្តលៀប សង្កាត់ចំការសំរោងក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងឱ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់នេះ គឺក្នុងពេលពួកគាត់កំពុងធ្វើសកម្មភាពជាក់ស្តែង ក្នុងមូលដ្ឋានដែលក្នុងនោះមានឈ្មោះ នូ ចាន់ណាត ហៅ ឆាង​ កុត ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលជាជនពិកា​ជិះរទេះ ហើយរូបគាត់មានជំនាញខាងលួចយក​អាគុយរថយន្តឬសម្ភារៈផ្សេងៗ នៅក្នុងរថយន្តដែលម្ចាស់ជា ជនរងគ្រោះចតទុកនៅខាងក្រៅផ្ទះនាពេលយប់ ។

លោកអធិការបានបន្តថា ករណីនេះបានកើតមាន​នាពេលកន្លងមកច្រើនលើកណាស់ និងដោយយល់ឃើញថា រូបគាត់ជាជនពិកា សមត្ថកិច្ចរបស់លោកបានត្រឹមតែធ្វើកិច្ចសន្យា អប់រំណែនាំឱ្យរូបគាត់ឈប់ប្រព្រឹត្តិសកម្មភាព (លួច) នេះជាបន្តទៀត ច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែរូបគាត់មិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថ្មីៗនេះមហាជននៅក្រុងបាត់ដំបង ក៏បានបង្ហាញនូវសកម្មភាព (លួច) របស់គាត់ជាបន្តបន្ទាប់ទៀត និងសកម្មផងដែរតាមរយៈបណ្តាញសង្គម ។

ដោយអស់លទ្ធភាពក្នុងការអប់រំណែនាំ ដល់រូបគាត់ទើបពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមអំពើល្មើសច្បាប់ដែល​រូបគាត់បានប្រព្រឹត្តិ ៕