ភ្នំពេញ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាល នគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើង បង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ២លើក ឃាត់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់ ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានរាយការណ៍អោយដឹងថា នៅចំណុចមុខហាងកាហ្វេ សាលា ដែលស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ចំនួន ២ក្រុម ណាត់គ្នាវាយតប់គ្នា ១លើក និងបានធ្វើការនាំខ្លួនក្មេងទំនើងចំនួន ១៤នាក់ ក្នុងនោះ ក្រុមBlack Moon មានគ្នាចំនួន ១០នាក់ និងក្រុមU2I មានគ្នាចំនួន ៤នាក់ ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំបិតចំនួន ២ដើម និងពូថៅ ចំនួន០១ ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានអោយដឹងដែរថា កម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនក្មេងទំនើងបង្កភាព អនាធិបតេយ្យតាមទីសាធារណៈ ១លើក ដែលបានបង្ករការអុកឡុក នៅលើកំណាត់ផ្លូវភ្លោះវាងក្រុង ក្នុងភូមិសាស្ត្រស្រុកសង្កែ មានចំនួន ៤នាក់ ។
បច្ចុប្បន្នក្មេងទំនើងទាំង ១៨នាក់ខាងលើ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះតទៀត រួចប្រគល់ជូនទៅអាណាព្យាបាល យកទៅអប់រំបន្តនៅសហគមន៍វិញ ៕